top of page

អំពីវេចនានុក្រម

Plant Dictionary Book Mockup 02.png
Dy Phon.jpg

លោកស្រីបណ្ឌិត ឌីផុន ប៉ូលីន

THE HISTORY

Copyright DY PHON PAULINE

Day 1 (1).png

យើងខ្ញុំមានបំណងប្រមូលផ្ដុំនាមរុក្ខជាតិ នៅប្រទេសកម្ពុជា ក្នុងសៀវភៅតែមួយរហូតដល់ឥឡូវមិន ទាន់មានអ្នកណាបានធ្វើការងារនេះនៅឡើយ។ យើងខ្ញុំចាប់ផ្ដើមធ្វើការ ដើម្បីបំពេញកង្វះនេះ ជាច្រើនឆ្នាំ ហើយ។

 

យើងខ្ញុំចាប់ផ្ដើមធ្វើការ ដើម្បីបំពេញកង្វះនេះ ជាច្រើនឆ្នាំ ហើយ។ យើងអាចនិយាយថា សៀវភៅនេះ ជាលទ្ធផលនៃការបង្ហាត់បង្រៀនខាងភូតគាមសាស្ត្រ ចំនួន ១២ ឆ្នាំ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយនិងការស្រាវជ្រាវខាងភូតគាមសាស្ត្រ ជាបន្តមកទៀត តាំងពី ឆ្នាំ១៩៨១ មក នៅសារមនី្ទរជាតិ ផ្នែកប្រវត្តិសាស្ត្រធម្មជាតិ នាទីក្រុងប៉ារីស ។

សៀវភៅនេះ សរសេរជាបីភាសា (អង់គ្លេស, បារាំង, ខ្មែរ) អំពីរុក្ខជាតិថ្នាក់ខ្ពស់ ដែលយើងស្គាល់​ឈ្មោះជាខ្មែរ និងដឹងរបៀបប្រើប្រាស់នៅកម្ពុជាចំនួន ១២៥៤ ពូជរុក្ខជាតិ ។ យើងមិនលើកយកពូជ រុក្ខជាតិ ដែលយើងមិនស្គាល់ឈ្មោះ ជាខ្មែរមកទេ។

យើងសង្ខេបអត្ថាធិប្បាយយ៉ាងខ្លីបំផុត អំពីពូជរុក្ខជាតិនិមួយៗតាមគំរោងដូចខាង​ក្រោម៖

- បែបផែនជីវភាព (ព្រឹក្ស, ចុល្លព្រឹក្ស, តិណជាតិ ឬ វល្លិ)

- ទីកន្លែងដុះ (បែបផែនទីព្រៃ ដែលគេអាចរកពូជរុក្ខជាតិនោះ ឃើញ)

- តំបន់ដុះ (ប្រទេស ឬទ្វីប ដែលមានរុក្ខជាតិនោះដុះ)

- ការប្រើប្រាស់ពូជរុក្ខជាតិនោះ នៅកម្ពុជា

FOREWORD   

ខ្ញុំរភើបចិត្តជាខ្លាំងចំពោះបំណងលោកស្រី បណ្ឌិត ឌី ផុន ប៉ូលីន ដែលចង់អោយខ្ញុំធ្វើ​អារម្ភកថា សំរាប់សៀវភៅដ៏ប្រសើរនេះ ។ ខ្ញុំដឹងប្រាកដថាលោកស្រីបណ្ឌិត មានគុណសម្បត្តិដ៏​ប្រពៃ ក្នុងឋានៈជាអ្នក​ស្រាវជ្រាវ និងជាគ្រូបង្ហាត់បង្រៀន ក្នុងវិស័យជីវសាស្រ្តរុក្ខជាតិត្រូពិក ជាពិសេស​គឺ​ជីវសាស្ត្ររុក្ខជាតិ​នៅ​កម្ពុជា ។

 

ក្នុងពេលខ្ញុំស្នាក់ជាច្រើនដងនៅប្រទេសខ្មែរ​ ក្នុងតួនាទីជាអ្នកធ្វើសន្និសិទ និងជាទីប្រឹក្សា​ផ្នែកសាគរ​​សាស្រ្តនេសាទ ខ្ញុំបានពត៌មានពីការអោយតំលៃខ្ពស់លើការបង្ហាត់បង្រៀន និងស្រាវ​ជ្រាវ​​របស់​លោក​សី្រ បណ្ឌិត ឌី ផុន ។ ខ្ញុំមានសេចក្តីត្រេកអរជាខ្លាំង ក្រោយបានស្គាល់​លោកស្រី ។ ខ្ញុំបានទទួល គុណប្រយោជន៍​អំពី​ចំណេះដ៏ធំទូលាយរបស់លោកស្រីបណ្ឌិត ។ ខ្ញុំក៏បាន​សង្កេត​​ការកោតសរសើរ អំពី​សំណាក់រដ្ឋាភិបាលកម្ពុជា និងពីសំណាក់ប្រទេសជិតខាង​ ដែល​បាន​​​​តែងតាំង​លោកស្រី​បណ្ឌិត​ជាប្រ​ធាន​​​គណៈកម្មការ “ វិទ្យាសាស្រ្ត និង​ការបណ្តុះបណ្ដាល ” នៃ​រដ្ឋាភិបាល​កម្ពុជា (មានបុព្វសិទ្ធិដូចរដ្ឋមន្ត្រី) រួច​មក​ជា​សមាជិកា អង្គការរដ្ឋមន្ត្រីអ​ប់រំ​ជាតិ របស់​ប្រទេសអាស៊ីអាគ្នេយ៍ សំរាប់ជីវសាស្ត្រប្រទេសក្តៅ (ត្រូពិក) ។

ក្រោយពីវឹកវរផ្នែកនយោបាយជាច្រើនឆ្នាំ ការវឹកវរដែលផ្លាស់បុរេសនាពោរពេញដោយ​សន្តិ​ភា​​ព និងដំរេះ​ប្រាជ្ញា អោយទៅជាការជំលៀសនិរទេសដ៏ចុកចាប់បំផុតចំនួន ៤ ឆ្នាំ លោកស្រី​បណ្ឌិ​​ត ឌី ផុន បាន​​រួច​រស់ចាក​ចេញ​​ទៅនៅប្រទេសបារាំង ក្នុងឋានៈជាអ្នកជ្រកកោន​នយោ​បាយ ​។ សារមនី្ទរ​ជាតិ​ប្រវត្តិ​សាស្ត្រ ធម្មជាតិក៏បាន​ទទួល​លោកស្រីអោយធ្វើជាអ្នកស្រាវជ្រាវ​នៅ​ទី​ក្រុង​​​​ពិសោធន៍អប្បដិច្ឆន្នជាតិ ។ នៅទីនោះ លោកស្រីសិក្សា                ​ស្រាវ​ជ្រាវ សមុច្ច័យដែលតាំងទុក​ជា​យូរ​មកហើយ លោកស្រីបានសំរាំង​ “ ខ្លឹមបណ្ដូល ” ហើយបានរកឃើញ​ប្រភេទ​ថ្មី៥ សំរាប់​ឥណ្ឌូ​ចិន និងពូជរុក្ខជាតិថ្មី៤ សំរាប់ផែនដីទាំង​មូល។ កិច្ចការលោកស្រី មួយចំនួនធំខាងផ្នែក​ជីវសាស្ត្រ កម្ពុជា និងរុក្ខជាតិប្រភេទក្តៅទូទៅ បានទទួល​រង្វាន់ពី​បណ្ឌិត​សភាវិទ្យាសាស្ត្រ ។

លក្ខណៈ ឧត្តមនៃចរិក និងការងាររបស់លោកស្រីបណ្ឌិត ឌី ផុន បានបណ្ដាលអោយ​អាជ្ញាធរ​បារាំង សំរួលបេសកម្មសំខាន់ៗទៅទីកន្លែងផ្សេងៗ ក្នុងពិភពលោកជូនលោកស្រី ។ ចំណែក​​​នៅកម្ពុជា គ្រាន់តែ​ស្ថាន​ការណ៍បានធូរស្រាលបង្គួរ លោកស្រីបណ្ឌិត ឌី ផុន ក៏អញ្ជើញ​ធ្វើ​ដំណើរ​សិក្សាស្រាវ​ជ្រាវ​ជា​ច្រើនដង ។

ប៉ុន្តែបំណងចំបង និងជាយូរមកហើយរបស់លោកស្រី គឺសំរេចការរៀប​រៀងសៀវភៅ​ដែល​ជា​ដើមចមបង្អស់ សម្រាប់មាតុប្រទេសលោក គឺវចនានុក្រមជាបីភាសា អំពីនាមខ្មែរ របស់​រុក្ខជាតិ​ថ្នាក់ខ្ពស់​នៅកម្ពុជា ទីកន្លែងដុះ ការប្រើប្រាស់ ជាអាហារ ជាឱសថ។ល។ សេចក្តីរាយការណ៍​ក្បោះ​ក្បាយ​អំពី​វិទ្យានិពន្ធនេះ មានក្នុងឧបសម្ព័ន្ធ​នៅទីខាងចុងសៀវភៅ ។

អ្វីដែលគួរអោយកត់សំគាល់ គឺសារៈសំខាន់របស់សៀវភៅនេះ សំរាប់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ និងសំរាប់ប្រជាជននៅប្រទេសក្តៅសកលលោក ហើយនិងសំរាប់អ្នកជីវសាស្ត្រ។ ម្យ៉ាងទៀត សៀវភៅ​នេះ ជាផលផ្លែ នៃវិញ្ញាណភូតតាមដែលមិនគ្រាន់តែទាក់ទងស្អិត និងប្រពន្ធិក​វិទ្យា​ បរិស្ថានវិទ្យា និង​វិន័យ ខាង​ជីវសាស្ត្ររុក្ខជាតិប៉ុណ្ណោះទេ ថែមទាំងបើកបង្ហាញការអនុវត្តន៍ ​នៃជីវសាស្ត្ររុក្ខជាតិ នឹង​សហការណ៍បារាំង-ខ្មែរ ដ៏ជាគំរូ ក្រៅពីសហការណ៍ជាមួយ​ប្រទេស​ដទៃ​ទៀតជាច្រើន។

ខ្ញុំសូមជូនពរដ៏កក់ក្តៅបំផុត ដល់ការផ្សព្វផ្សាយទូលាយរបស់វចនានុក្រមនេះ ដូចជាការរួម​ចំណែក​ក្នុង​ការប្រែមុខមាត់ថ្មី របស់ប្រទេសកម្ពុជាដែលមានអតីតកាលថ្កើងរុងរឿង ។

 

សរសេរដោយលោកសាស្ត្រាចារ្យ MAURICE FONTAINE

សមាជិកក្រុមបណ្ឌិតសភា នៃវិជ្ជាស្ថានប្រទេសបារាំង

ចំណាត់ថ្នាក់នៃរុក្ខជាតិ

napkin-selection (12).png

អារម្ភកថា

ប្រិយមិត្តអ្នកអានជាទីមេត្រី!

ក្នុងគោលបំណងចង់ឲ្យវចនានុក្រម "រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា" និពន្ធដោយលោកស្រី ឌីផុន ប៉ូលីន កាន់តែមានអត្ថន័យ និងខ្លឹមសារជ្រាលជ្រៅបន្ថែមទៀត ស្របទៅតាមតម្រូវការចាំបាច់លើវិស័យចំណេះដឹង តាមសម័យកាលដោយសនិទានភាព ក៏ដូចជាងាយស្រួលទំនាក់ទំនងក្នុងប្រព័ន្ធឌីជីថល ក្នុងបរិបទសង្គមបច្ចុប្បន្ន។ 

ដោយកន្លងមកមានការខ្វះខាត អសន្តិសុខ ជួបការលំបាកខ្វះមធ្យោបាយក្នុងដំណើរចូលក្នុងព្រៃដើម្បីស្រាវជ្រាវយករូបថតដាក់ក្នុងវចនានុក្រមពុំទាន់បានគ្រប់គ្រាន់។
 

​​នាងខ្ញុំ សុខា ផល្លី នាមដើម តាន់ ផល្លី ព្រមទាំងកូនស្រីទាំង២ និងក្រុមគ្រួសារបង្កើតរបស់លោកស្រី ឌីផុន ប៉ូលីន នាមដើម តាន់ ប៉ូលីន មានបំណងចង់ថែរក្សាវចនានុក្រម "រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា" ឲ្យមានប្រយោជន៍ និងសារៈសំខាន់សម្រាប់ប្រិយមិត្ត អ្នកអាន និស្សិត សិស្សានុសិស្ស អ្នកស្រាវជ្រាវ កាន់តែប្រសើរតាមកាលវេលា និងមានបែបផែនថ្មីបន្ថែម ដើម្បីបន្សល់ស្នាដៃដែលលោកស្រីបណ្ឌិត ឌីផុន ប៉ូលីន បានខំប្រឹងប្រែង អស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានរបស់ខ្លួន រៀបរៀងជាស្នាដៃទុកសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយប្រើប្រាស់ជាប្រយោជន៍តាមតម្រូវការរបស់គេរៀងៗខ្លួន។

 

ការបោះពុម្ពលើកនេះ ធ្វើឡើងដោយវាយអត្ថបទសារជាថ្មី ទៅតាមសៀវភៅដើម និងមានការកែអក្ខរាវិរុទ្ធ មួយចំនួនតាមលំនាំដើមដែលអ្នកនិពន្ធមានស្រាប់។ មូលហេតុវាយអត្ថបទសារជាថ្មី ព្រោះឯកសារក្នុងកុំព្យូទ័រសម័យកាលនោះមិនច្បាស់ និងត្រូវលុបបាត់ឯកសារមួយចំនួន។ លក្ខណៈសំខាន់ចង់ដាក់ក្នុងប្រព័ន្ធ App (Website) ដើម្បីឲ្យយុវជន សិស្សានុសិស្ស អ្នកស្រាវជ្រាវជំនាន់ក្រោយ ប្រិយមិត្តអ្នកអាន ងាយនឹងស្រាវជ្រាវរកពាក្យដែលខ្លួនត្រួវការយកមកប្រើ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ នាងខ្ញុំឧកញ៉ាបណ្ឌិត តាន់ ផល្លី សូមខន្ដី អភ័យទោសជាមុនចំពោះកង្វះខាតដែលអាចកើតមានឡើងជាយថាហេតុ ចំពោះបទវិភាគថ្មីនេះ នឹងសូមរង់ចាំទទួលនូវមតិកែលម្អដោយសុទ្ធចិត្តពីសំណាក់ប្រិយមិត្តអ្នកអាន។

សូមប្រិយមិត្តទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងជោគជ័យ ត្រចេះត្រចង់ក្នុងជីវិត។

លោកជំទាវឧកញ៉ា បណ្ឌិត តាន់ ផល្លី

បណ្ឌិតស្រាវជ្រាវគ្រប់គ្រងពាណិជ្ជកម្ម និង

បណ្ឌិតស្រាវជ្រាវទស្សនវិជ្ជា

ចំណាំ

ពេលមានពាក្យ (វល្លិ) (ស្មៅ) (ដើម) ក្នុងវង់ក្រចកខាងក្រោយនាម រុក្ខជាតិ ត្រូវអានពាក្យនោះខាងមុខនាមវិញ។


ឧទាហរណ៏៖ 

ទាស់ (ស្មៅ) ចូលអានថា ស្មៅទាស់

គោ (ស្មៅ) ចូលអានថា ស្មៅគោ

ត្រដិត (ដើម)​ ចូលអានថា ដើមត្រដិត

ទឹក (វល្លិ) ចូលអានថា វល្លិទឹក

ដែក (វល្លិ) ចូលអានថា វល្លិដែក

ពាក្យសរសេរកាត់

A

English Name

K

Khmer Name

F

French Name

SP.

Undermined Species 

SPP.

Several Undermined Species

Var.

Variety

Subsp.

Sub-species

Contact Us!

រក្សាសិទ្ធិ @2000 DY PHON PAULINE

bottom of page